កិច្ចពិភាក្សាការងារលើកិច្ចសហប្រតិបត្តិ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋាភិបាលក្រុងបានចាមាស៊ីននៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី

 ពុធ, 18 មករា 2017 11:47  |    Written by MLVT  |  126 times  |   Print  |   Email

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ ឯកឧត្តម Ibnu Sina អភិបាលក្រុងបានចាមាស៊ីន នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋាភិបាលក្រុងបានចាមាស៊ីននៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិដ៏ល្អរវាងឥណ្ឌូណេស៊ី និងកម្ពុជាលើគ្រប់វិស័យ ទាំងក្របខណ្ឌទ្វេរភាគី និងក្នុងនាមជាសមាជិកអាស៊ាន។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានរំលឹកផងដែរទៅដល់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឥណ្ឌូណេ ស៊ីតាំងពីអតីតកាល។ ឥណ្ឌូណេស៊ីនិងព្រះរាជាណាចក្រកម្ពុជាកំពុងមានកិច្ចសហប្រតុបត្តការយ៉ាងល្អលើគ្រវិសយ័។ តាមរយៈជំនួបនាថ្ងៃនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈនៃការខិតខំបង្កើនការផ្លាស់ប្តូរនិស្សិត ការបង្កើនការបណ្តុះបណ្តាលគ្រូ ការរៀបចំឱ្យមានការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមក រួមទាំងការផ្លាស់ប្តូកម្លាំងពលកម្មជំនាញផងដែរ។ កន្លងមកនិស្សិតជំនាញបច្ចេកទេសកម្ពុជាបានបញ្ជូនទៅសិក្សានៅឥណ្ឌូណេស៊ី ចំនួន១៣៣ នាក់ ហើយកម្ពុជាបានទទួលនិស្សិតឥណ្ឌូណេស៊ី មកសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាចំនួន ៥៥នាក់។ ក្រោយពីជំនួប ភាគីទាំងពីរ បានឈានដល់ការចុះហត្ថលេខាលើលិខិតយល់ព្រមគ្នា (Letter of Intention) ដើម្បីរៀបចំជាកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋាភិបាលក្រុងបានចាមាស៊ីន នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដោយផ្តោតលើក្របខណ្ឌដូចជា៖

- រៀបចំកម្មវិធីកម្មសិក្សាផ្លាស់ប្ដូរបទពិសោធន៍សម្រាប់សិស្ស-និស្សិត និងគ្រូ TVET រវាង ប្រទេសទំាងពីរ។

- រៀបចំកម្មវិធីបណ្ដុះបណ្ដាលដែលទទួលស្គាល់រួមគ្នា។

- ផ្លាស់ប្ដូរកម្លាំងពលកម្មជំនាញរវាងប្រទេសទាំងពីរ។

- សហការរួមគ្នារៀបចំវគ្គបណ្ដុះបណ្ដាល ឬសិក្ខាសាលា ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ កម្លាំងពលកម្មជំនាញរវាងប្រទេសទាំងពីរ។

- សហការរួមគ្នារៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់គ្រូបច្ចេកទេសកម្ពុជា។ ជាមួយគ្នានេះផងដែរ ភាគីឥណ្ឌូណេស៊ី និងអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបានចាមាស៊ីន ដែលនៅទីនោះមានឧទ្យានមួយមាន ឈ្មោះថា សួនកម្ពុជា។