ពិធីចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់​គ្នាស្តីពីកិច្ច​សហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ITE Education Service Pte., Ltd, នៃប្រទេសសិង្ហបុរី

 ច័ន្ទ, 09 មករា 2017 19:02  |    Written by MLVT  |  171 times  |   Print  |   Email

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត តូនី តាន់ កេង យាំ ប្រធានាធិបតីសឹង្ហបូរី មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម TAN SENG HUA នាយកប្រតិបត្តិនៃវិទ្យាស្ថានបច្ចេកទេស នៃប្រទេសសឹង្ហបូរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ITE Education Service Pte., Ltd, នៃប្រទេសសិង្ហបុរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត តូនី តាន់ កេង យាំ ប្រធានាធិបតីសឹង្ហបូរី នៅវិមានសន្តិភាព។ អនុស្សរណៈនេះ ផ្តោតជាសំខាន់ទៅលើការបណ្តុះ បណ្តាលគ្រូបច្ចេកទេសកម្ពុជាចំនួន ៨០រូប សម្រាប់រយះពេល ២ ឆ្នាំ ២០១៧-២០១៨ លើមុខជំនាញចំនួន ៣៖

១) បច្ចេកវិទ្យាទំនាក់ទំនង និង ព័ត៌មានវិទ្យា (ICT) ត្រូវបណ្តុះបណ្តាលគ្រូចំនួន ៣២រូប

២) បច្ចេកវិទ្យាអេឡិចត្រូនិច ត្រូវបណ្តុះបណ្តាលគ្រូចំនួន ១៦រូប

៣) បច្ចេកវិទ្យារថយន្ត ត្រូវបណ្តុះបណ្តាលគ្រូចំនួន ៣២រូប។

កន្លងមកក៏មានកិច្ចសហការម្តងរួចមកហើយកាលពីឆ្នាំ២០១០-២០១៣ ដែលបានបណ្តុះបណ្តាលនូវមុខជំនាញ និងចែករំលែកនូវបទពិសោធន៍ដល់មន្រ្តីគ្រប់គ្រងវគ្គភាពជាអ្នកដឹកនាំបានចំនួន ៣០ រូប គ្រូបច្ចេកទេសវគ្គវិធីសាស្រ្តបង្រៀនចំនួន ៥៩ រូប សិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីភាពជាអ្នកដឹកនាំចំនួន ១៥៨ រូប និងសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីវិធីសាស្រ្តបង្រៀន ចំនួន ៣០៨ រូប។