សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងនីតិវិធីនៃការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង

 ពុធ, 09 សីហា 2017 13:42  |    Written by MLVT  |  277 times  |   Print  |   Email

នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ សាន់វ៉េ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងនីតិវិធីនៃការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង។ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមមានប្រសាសន៍ថាកម្ពុជានៅតែបន្តគោលនយោបាយចំណាកស្រុកដោយសុវត្ថិភាព និងស្របច្បាប់ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលករយើងមានការងារធ្វើគ្រប់ៗគ្នា ទទួលបានប្រាក់កំរៃខ្ពស់ ទទួលបានសិទ្ធិសេរីភាពពេញលេញ និងចេះជំនាញណាមួយសម្រាប់ពេលត្រឡប់មកវិញ ពួកគេអាចប្រើប្រាស់ជំនាញនោះដើម្បីស្វែងរកការងារក្នុងស្រុកឬបើកអាជីវកម្មផ្ទាល់ខ្លួន ហើយពួកគាត់ក៏អាចប្រើប្រាស់ភាសាបានទៀតផង។ ហើយកន្លងមក កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅបរទេសចំនួន៥ប្រទេស រួមមាន ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសឹង្ហបុរី ក្នុងនោះមានពលករប្រមាណ១លាន៥ម៉ឺននាក់ ដែលអាចរកចំណូលបានប្រមាណជិត២ពាន់លានដុល្លាក្នុង១ឆ្នាំ។ ថ្ងៃនេះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានសេចក្តីសប្បាយរីករាយដែលកម្ពុជានឹងមានការរៀបចំ ជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករទៅបម្រើការនៅតំបន់រដ្ឋបាលពិសេសហុងកុង ដែលឯកឧត្តមមើលឃើញថានេះជាកាលានុវនភាពមួយសម្រាប់ពួកគាត់ក្នុងការទទួលបានប្រាក់ចំណូល លើកស្ទួយជីវភាពគ្រួសារ ព្រមទាំងចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ និងអត្រាគ្មានការងារធ្វើនៅក្នុងសង្គម។ ឯកឧត្តមបានបន្តថា នាពេលថ្មីៗនេះឯកឧត្តមនិងក្រុមការងារបានធ្វើទស្សនកិច្ចនៅហុងកុង ដើម្បីស្វែងយល់ពីលក្ខខណ្ឌការងារ ស្ថានភាពពលករ ច្បាប់និងបទដ្ឋាននានា ក្នុងនោះពលករបរទេសបម្រើការមេផ្ទះមានប្រមាណ ៣៥៧ ០០០នាក់ ភាគច្រើនជាជនជាតិហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលពួកគេទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចពលករជនជាតិហុងកុងដែរ ដូចជាកាឈប់សម្រាក់មានប្រាក់ចំណូលចំនួន៧ទៅ១៤ថ្ងៃដោយមានប្រាក់ចំណូលក្នុង១ឆ្នាំ កាគាំពារពេលមានផ្ទៃពោះ(ឈប់សម្រាកលំហែមាតុភាព) ចំនួន១០សប្តាហ៍ ការធានារ៉ាប់រងពេលមានជំងឺ និងបន្ថែមប្រាក់លើកទឹកចិត្តសម្រាប់ពលករបម្រើការងារយូរឆ្នាំ។ ជាងនេះទៅទៀត ប្រាក់បៀវត្សដែលទទួលបានទាបបំផុតគឺ ៥៥០ដុល្លាអាមេរិក ដែលនឹងត្រូវត្រួតពិនិត្យឡើងវិញទៀងទាត់ ការផ្តល់អាហារ ឬប្រាក់ហូបចុកចំនួន១៣៣ដុល្លាអាមេរិកក្នុង១ខែ ការស្នាក់នៅសមរម្យដោយមិនគិតថ្លៃ ការចេញសំបុត្រយន្តហោះទៅមក និងការព្យាបាលជំងឺដោយមិនគិតថ្លៃ។ ឯកឧត្តមបានបញ្ជាក់បន្ថែមផងដែរថា ពលករបរទេសមានសិទ្ធិស្មើគ្នាជាមួយពលករហុងកុង ក្នុងការស្វែងរកការប្រឹក្សា និងសម្របសម្រួលពីនាយកដ្ឋានការងារហុងកុងតាមរយៈទូរស័ព្ទ ហើយពួកគេត្រូវបានការពារដោយច្បាប់ឯករាជដែលអាចទទួលបានជំនួយផ្លូវច្បាប់គ្រប់រូបភាព។ ជាងនេះទៅទៀតហុងកុងមានវិធានការតឹងរឹងក្នុងការពិនិត្យភ្នាក់ងារមុខរបរ ដើម្បីបង្ការកុំឱ្យមានការប្រព្រឹត្តខុសច្បាប់ ដូចជាការយកថ្លៃខ្ពស់ពេកក្នុងការស្វែងរកការងារធ្វើ ព្រមទាំងផ្សព្វផ្សាយទូលាយការជួបជុំរវាងពលករ និងស្ថានអគ្គកុងស៊ុលនានានៅហុងកុង ដោយចែកចាយសៀវភៅណែនាំ ផ្តល់ពត៌មាន និងធ្វើការសម្របសម្រួលនានា។ ជាចុងក្រោយ ឯកឧត្តមយល់ឃើញថា លក្ខខណ្ឌការងារនៅហុងកុងទាំងនេះពិតជាល្អសម្រាប់បងប្អូនពលករ ហើយឯកឧត្តមមានជំនឿជឿជាក់ថា ការ រៀបចំ បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករនេះនឹងទទួលបានជោគជ័យជាផ្លែផ្កា។