ពិធី​សំណេះ​សំណាល​និង​ផ្សព្វ​ផ្សាយ​អំពី​គោល​នយោ​បាយ​អភិវឌ្ឍន៍​វិស័យ​ការងារ ដល់​កម្មករ​និយោជិត​ស្នាក់​នៅ​បន្ទប់​ជួល ផ្ទះជួល

 ច័ន្ទ, 17 កក្កដា 2017 15:09  |    Written by MLVT  |  74 times  |   Print  |   Email

កោះកុង៖ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០ នាទីព្រឹក ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិតស្នាក់នៅបន្ទប់ជួល ផ្ទះជួល មានអ្នកចូលរួមសរុបប្រមាណជា ១១០នាក់ នៅសាលមហោស្រពខេត្តកោះកុង ក្រុងខេមរភូមិន្ទ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ សម្រាប់ចុះផ្សព្វផ្សាយអំពីយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ , ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ, វិធានការទប់ស្កាត់វិវាទការងារ កូដកម្ម បាតុកម្ម និងគ្រោះថ្នាក់ការងារ, អត្ថប្រយោជន៍របបសន្តិសុខសង្គម, វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើមធ្យោបាយដឹកជញ្ជូន និងសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត,វិធានការទប់ស្កាត់ករណីសន្លប់របស់កម្មករនិយោជិតតាមសហគ្រាស និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនកម្មករនិយោជិត។