ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកម្មសិក្សាបច្ចេកទេស និងនីតិវិធី ជ្រើសរើស បណ្តុះបណ្តាល

 អង្គារ, 11 កក្កដា 2017 15:52  |    Written by MLVT02  |  112 times  |   Print  |   Email

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង ជួបពិភាក្សាការងារ ជាមួយឯកឧត្តម Shiozaki រដ្ឋមន្ត្រីក្រសួងការងារ សុខាភិបាល និងសុខមាលភាពសង្គមនៃប្រទេសជប៉ុន ដើម្បីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកម្មសិក្សាបច្ចេកទេស និងនីតិវិធី ជ្រើសរើស បណ្តុះបណ្តាល និងនាំកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។ ឯកឧត្តម Shiozaki បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូកម្ពុជា និងបានជម្រាបជូនអំពីគោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នា ព្រមទាំងប្តេជ្ញារួមគ្នាអនុវត្តឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះភាគីជប៉ុនដែលបានខិតខំប្រឹងប្រែងធ្វើវិសោធនកម្មច្បាប់ស្តីពីកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាបច្ចេកទេស ដែលមានភាពល្អជាងមុន និងបានបង្កលក្ខណៈងាយស្រួលយ៉ាងច្រើនដល់បងប្អូនកម្មសិក្សាការីកម្ពុជាយើងដែលត្រូវទៅធ្វើការនៅប្រទេសជប៉ុន។ ច្បាប់នេះ នឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារ ប្រទេសជប៉ុនបានទទួលយកកម្មសិក្សាការីខ្មែរដើម្បីមកធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនចាប់ពីឆ្នាំ២០០៧ រហូតឆ្នាំ២០១៧នេះ សរុបមានប្រមាណជិត៥,០០០នាក់ ហើយជាប្រទេសទី៦ ក្នុងចំណោមប្រទេស ១៥ ដែលមានកម្មសិក្សាការីមកធ្វើការច្រើនជាងគេ។ ថ្ងៃនេះកម្ពុជាបានបើកទំព័រថ្មីនៃភាពជោគជ័យរបស់ខ្លួនថ្មីមួយទៀតហើយនៅក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភាគីកម្ពុជា និងភាគីជប៉ុនបានឯកភាពគ្នាក្នុងការចុះអនុស្សារណៈយោគយល់គ្នាលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានគោលបំណងផ្ទេរជំនាញបច្ចេកទេសតាមរយៈកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស ពីប្រទេសជប៉ុនមកប្រទេសកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖

១. ក្រសួងនៃប្រទេសជប៉ុន ដោយមានការសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ត្រូវប្តេជ្ញាចិត្តទទួលនូវកម្មសិក្សាការីជំនាញបច្ចេកទេសពីប្រទេសកម្ពុជា ដែលអនុលោមទៅតាមច្បាប់ និងបទបញ្ញត្តិដែលពាក់ពន្ធ័នៃប្រទេសជប៉ុន។

២. ក្រសួងការងារកម្ពុជា ត្រូវប្តេជ្ញាចិត្តក្នុងការបញ្ជូនកម្មសិក្សាការីជំនាញបច្ចេកទេស ដែលអនុលោមទៅតាមច្បាប់និងបទបញ្ញត្តិនៃប្រទេសកម្ពុជា។

៣. ទាំងក្រសួងនៃប្រទេសជប៉ុន និងក្រសួងនៃប្រទេសកម្ពុជា (ចាប់ពីពេលនេះទៅហៅកាត់ថាក្រសួងទាំងពីរ) នឹងជ្រើសរើសអ្នកតំណាងក្នុងការទំនាក់ទំនង និងសម្របសម្រួល រវាងប្រទេសទាំងពីរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធិភាពនូវអនុស្សារណៈនេះ។

៤. ក្រសួងទាំងពីរ នឹងប្រឹក្សាយោបល់គ្នាក្នុងការអនុវត្តនៃសកម្មភាពទាំងឡាយណារបស់អនុស្សារណៈ ឬមានវិវាទដែលបានកើតឡើង ដូចជាការបាត់ខ្លួនរបស់កម្មសិក្សាការីជំនាញបច្ចេកទេស ដោយរាល់វិវាទទាំងនោះត្រូវបានដោះស្រាយដោយកិច្ចសហការយ៉ាងជិតស្និទ្ធ និងតាមរយះការទូតឱ្យបានសមស្របរវាងក្រសួងដែលពាក់ព័ន្ធ និងទីភ្នាក់ងាររបស់ប្រទេសនីមួយៗ។

៥. កិច្ចសហការនៃអនុស្សារណៈ នឹងត្រូវអនុវត្តនៅក្រោមវិសាលភាពនៃច្បាប់ និងបទបញ្ញត្តិនៃប្រទេសនីមួយៗ។

៦. ក្រសួងទាំងពីរ នឹងធ្វើការកំណត់នូវកិច្ចប្រជុំ និងចែករំលែកព័ត៌មានសម្រាប់កិច្ចសហការលើកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស ហើយសមាគមបណ្តុះបណ្តាលកម្មវិធីសិក្សាការីជំនាញបច្ចេកទេស និងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន នឹងធ្វើការទំនាក់ទំនងគ្នាទៅលើការអនុវត្តកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស។

៧. ការចាប់ផ្តើមនៃអនុស្សារណៈនេះនឹងត្រូវបានអនុវត្ត ដោយមានកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាលកម្មវិធីសិក្សាការីជំនាញបច្ចេកទេស។

កិច្ចសហប្រតិបត្តិការនៃអនុស្សារណៈនេះ មានសុពលភាពរយៈពេលប្រាំឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នេះតទៅ ហើយកម្ពុជាជាប្រទេសទី២ បន្ទាប់ពីប្រទេសវៀតណាម ដែលបានចុះអនុស្សារណៈនេះជាមួយប្រទេសជប៉ុន គឺមុនប្រទេសចិន ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី។ នេះជាវឌ្ឍនភាពថ្មីមួយរបស់ប្រទេសកម្ពុជា ហើយការកែសម្រួលច្បាប់នេះនឹងផ្តល់ឱកាសកាន់តែច្រើនថែមទៀតដល់ប្រជាពលរដ្ឋខ្មែរក្នុងការមកធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន រីឯកម្មសិក្សាការីដែលមានសមត្ថភាពក៏អាចបន្តកិច្ចសន្យាការងាររយៈពេល២ឆ្នាំបន្ថែមទៀត សរុបចំនួន៥ឆ្នាំ។ លើសពីនេះទៅទៀត រដ្ឋាភិបាលជប៉ុន ក៏បានបង្កើតអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (OTIT) ដែលមានចំនួន១៣សាខា នៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់សេវាគាំពារប្រឹក្សាយោបល់ និងជួយគាំទ្រដល់ការធ្វើកម្មសិក្សា និងធ្វើការរបស់ក្មួយៗកម្មសិក្សាការីទាំងអស់។ សមិទ្ធផលទាំងនេះ គឺកើតចេញពីការដឹកនាំដ៏ឆ្លៀសវៃ និងត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យមានភាពល្អប្រសើរលើគ្រប់វិស័យ ដោយរាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារ និងកសាងប្រទេសជាតិ ឱ្យកាន់តែរីកចំរើនជឿនលឿន។