ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា ជប៉ុន ហៅកាត់ថា JCIA

 Tuesday, 09 May 2017 22:41  |    Written by MLVT  |  2734 times  |   Print  |   Email

នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា ជប៉ុន ហៅកាត់ថា JCIA។ ថ្លែងក្នុងឱកាសនេះ លោក Yamada បានសម្តែងនូវសេចក្តីរីករាយដែលលោកបានជួបគ្នាជាថ្មីម្តងទៀត ជាមួយឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី។ ឆ្លៀតក្នុងឱកាសនេះ លោក Yamada បានណែនាំថៅកែក្រុមហ៊ុនមួយចំនួនដែលមានបំណងមកបណ្តាក់ទុនលើការបណ្តុះបណ្តាលមុខជំនាញបច្ចេកទេសដល់កម្មសិក្សាការី មុនពេលទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន។ បច្ចុប្បន្នសុខុមាលភាពមនុស្សចាស់នៅប្រទេសជប៉ុន មានការអភិវឌ្ឍ ធ្វើឱ្យកំណើនមនុស្សចាស់នៅជប៉ុនមានកើនឡើងជាបន្តបន្ទាប់ ដែលតាមការប៉ាន់ស្មានមានប្រហែលជាង ១លាននាក់។ ហេតុនេះប្រទេសជប៉ុនកំពុងសម្លឹងមើលមកកម្ពុជា ក្នុងការបណ្តុះបណ្តាល បញ្ជូនបុគ្គលិកផ្នែកថែទាំមនុស្សចាស់នេះពីកម្ពុជាទៅធ្វើការនៅជប៉ុន។ លោកបន្តថា JCIA បានផ្តោតការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ប្រជាជនក្រីក្រ និងជនពិការ តាមរយៈមជ្ឈមណ្ឌលពោធិសែនជ័យ ដើម្បីឱ្យពួកគេមានឱកាសទទួលបានការងារធ្វើនៅក្នុងស្រុក និងអាចទៅធ្វើការនៅប្រទេសជប៉ុនតាមរយៈ JCIA ផងដែរ។ ថ្លែងនាឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោកទាំងអស់ដែលបានគាំទ្រដល់អង្គការ JCIA ក្នុងការជួយផ្តល់ជំនួយដល់មជ្ឈមណ្ឌលពោធិសែនជ័យឱ្យមាននិរន្តរភាពមកដល់បច្ចុប្បន្ននេះ ហើយគម្រោងនេះពិតជាមានអត្ថប្រយោជន៍ណាស់ក្នុងការបណ្តុះបណ្តាលមុខជំនាញដល់ជនពិការ និងជនក្រីក្រ ដែលនេះហើយជាវប្បធម៌ចែករំលែករបស់ប្រជាជនជប៉ុនមកកម្ពុជា និងជាស្មារតីមិត្តភាព និងសហប្រតិបត្តការជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។ ឯកឧត្តមណ្ឌិតរដ្ឋមន្រ្តី បានអរគុណចំពោះ JCIA ដែលបានជួយបង្កើតការងារដល់ប្រជាជនកម្ពុជា តាមរយៈការពង្រីកវិសាលភាពរបស់ខ្លួនក្នុងការជ្រើសរើសកម្មសិក្សាការីជំនាញថែទាំមនុស្សចាស់ ដែលជាសេវាដ៏ធំនៅប្រទេសជប៉ុន។ ឯកឧត្តមបន្តថា កិច្ចការងារថែទាំមនុស្សចាស់ពិតជាមានតម្រូវការធំព្រោះថា មនុស្សចាស់ពិតជាមានចំនួនច្រើននៅប្រទេសជប៉ុន ដែលបច្ចុប្បន្នមានប្រមាណជាង ១លាននាក់។ ហើយកម្ពុជាមិនជំទាស់ទេ ក្នុងការបញ្ជូនសេវាកម្មនេះ តែត្រូវមានការបណ្តុះបណ្តាលឱ្យបានល្អសិនមុននឹងបញ្ជូនពួកគាត់ទៅ ដើម្បីពួកគាត់មានការយល់ដឹង និងអាចធ្វើការបានប្រកបដោយសុវត្តិភាព និងងាយយល់ដឹងអំពីការងារថ្មីៗ ដែលជាបទពិសោធន៍សម្រាប់បំពេញបន្ថែមលើជំនាញដែលគាត់មានស្រាប់ ដើម្បីយកមកអភិវឌ្ឍប្រទេសកម្ពុជាលើផ្នែកនេះ ហើយវាស្របពេលដែលកម្ពុជាក៏កំពុងតែមានការយកចិត្តទុកដាក់លើការថែទាំសុខុមាលភាពមនុស្សចាស់បានល្អ ធ្វើឱ្យកំណើនមនុស្សចាស់នៅកម្ពុជាក៏មានចំនួនកាន់តែច្រើន ហើយត្រូវការការសេវាសម្រាប់គាំពារពួកគាត់ផងដែរ។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍ផងដែរថា យើងនៅតែមានការគាំទ្រដល់មជ្ឈមណ្ឌលពោសែនជ័យ ដែលបានកំពុងបន្តនិរន្តភាពយ៉ាងល្អ ដែលនេះជាជោគជ័យក្នុងភាពជាដៃគូមួយរវាងប្រទេសទាំង២ ហើយឯកឧត្តមសង្ឃឹមថា នឹងមានការផ្តល់នូវការគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិការពី JCIA ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

 


ឯកសារផ្លូវការ