ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កម្ពុជា-ស៊ុតអ៊ែត បន្តរួមគ្នាសម្រេចឱ្យបាននូវគោលដៅទាំងឡាយដែលបានចែងក្នុងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative)

 អង្គារ, 22 មិថុនា 2021 11:39  |    Written by MLVT  |  11285 times  |   Print  |   Email

(ភ្នំពេញ)៖ កម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ 

ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ Teo Lay Cheng អគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី។ 

ក្នុងឱកាសនោះ លោកជំទាវអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ផ្តោតទៅលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការនៅលើវិស័យនេះឲ្យកាន់តែរឹងមាំបន្ថែមទៀត។ 

លោកជំទាវ Teo Lay Cheng ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជម្នះឧបសគ្គគ្រប់បែបយ៉ាង ក្នុងការចូលរួមស្តារ និងកសាងប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។ 

លោកជំទាវអគ្គរដ្ឋទូត បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។

ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។

សំណើបន្ទាប់របស់ឯកឧត្តរដ្ឋមន្ត្រី អុិត សំហេង ស្នើបន្តការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យTVET ដែលបានចុះហត្ថលេខារវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) នៃប្រទេសសិង្ហបុរី និងដែលបានផុតកំណត់តាំងពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។

ចំពោះការបញ្ជូនពលការិនីខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរីនៅពុំទាន់មានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នទទួលបន្ទុកណាមួយនៃប្រទេសសិង្ហបុរីនៅឡើយដែលនាំអោយមានការលំបាកក្នុងការគ្រប់គ្រងទិន្នន័យ ការការពារស្របច្បាប់ និងការស្វែងរកកិច្ចសហការនានាជាមួយភាគីសិង្ហបុរី។ ឯកឧត្តមរដ្ឋមន្ត្រីបានបានស្នើដល់ភាគីសិង្ហបុរី ពិចារណាបង្កើតឱ្យមានកិច្ចព្រមព្រៀងបញ្ជូនពលករជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឱ្យមានការបញ្ជូនពលករទូទៅបន្ថែម ក្រៅពីពលការិនី (ស្ត្រីជំនួយការមេផ្ទះ)។

ចំពោះសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមនឹងកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស្ថាប័នទទួលបន្ទុករបស់សិង្ហបុរី លោកជំទាវរីករាយ និងពេញចិត្តបន្តកិច្ចសហការភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែមានល្អប្រសើរបន្តទៀ។

នៅក្នុងជំនួបនេះដែរ ស្របពេលដែលកម្ពុជា កំពុងប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាល និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់» លោកជំទាវអគ្គរដ្ឋទូតក៏បានចូលរួមសម្តែងការអបអរសាទរជាមួយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងការប្រារព្វទិវានេះផងដែរ៕